ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៥០០ នាក់

 ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក (គ៧៨) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៥០០ នាក់ នៅមជ្ឈមណ្ឌលចេនឡា

នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក (គ៧៨) បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៥០០ នាក់ ក្នុងចំណោមយុវជន និងពលរដ្ឋសរុបចំនួន ២.៤០០ នាក់ មកពីសង្កាត់បឹងសាឡាងក្នុងខណ្ឌទួលគោក។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលចេនឡា អមដោយថ្នាក់ដឹកនាំ សមាជិក-សមាជិកាបក្សខណ្ឌ សង្កាត់ប្រមាណជាង ៦០០ នាក់។ ឯកឧត្តមគណៈអធិបតី ក៏បានស្នើដល់សមាជិក-សមាជិកាថ្មី ចូលរួមធ្វើសកម្មភាពក្នុងសង្គម សាងអំពើល្អ បម្រើផលប្រយោជន៍សង្គមឲ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីសំណាក់ពលរដ្ឋរបស់យើង និងផ្តែផ្តាំថា ភារកិច្ចចម្បងរបស់ក្មួយៗដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» ។
តំណាងសមាជិកបក្សថ្មី បានឡើងប្តេជ្ញាចិត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចធ្វើពិធីទទួលស្គាល់សមាជិកសមាជិកាថ្មីទាំងអស់ និងសូមគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន រួមទាំងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។