យោងតាមមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃបានឲ្យដឹងថាក្រសួងកំពុងជំរុញឲ្យមានការកាត់បន្ថយពន្ធលើផលិតផលម៉ាក ដើម្បីជំរុញវិស័យទេសចរណ៍ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេស។ រដ្ឋមន្រ្តីនៃក្រសួងលោក Phiphat Ratchakitprakarn បាននិយាយថាលោកនឹងពិគ្រោះជាមួយក្រសួងហិរញ្ញវត្ថុ អំពីលទ្ធភាពនៃការកាត់បន្ថយពន្ធរហូតដល់ ៤០% លើផលិផលម៉ាកថាតើអាចទៅរួចបានដែរ ឬ យ៉ាងណា។
ជាមួយគ្នានេះដែរចំពោះមូលហេតុដែលក្រសួងចង់កាត់បន្ថយពន្ធលើផលិតផលម៉ាក ព្រោះតែប្រជាជនថៃភាគច្រើនតែងតែចេញទៅក្រៅប្រទេស ដើម្បីទិញផលិផលម៉ាកល្បីៗ ដែលនាំឲ្យមានការបែកធ្លាយថិវកាចេញពីសេដ្ឋកិច្ចក្នុងស្រុក។ ផ្ទុយទៅវិញប្រសិនបើផលិតផលម៉ាកទាំងអស់ត្រូវបានកាត់បន្ថយពន្ធ ប្រជាជនថៃអាចទិញផលិតផលម៉ាកល្បីៗ នៅក្នុងទីផ្សារក្នុងស្រុកក្នុងតម្លៃសមរម្យ នោះថវិកាទាំងអស់នឹងត្រូវចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀតភ្ញៀវទេសចរបរទេសដែលមកលេងនៅក្នុងប្រទេសថៃ នឹងចំណាយកាន់តែច្រើន ប្រសិនបើពួកគេអាចទិញផលិតផលម៉ាកល្បីៗ ក្នុងតម្លៃថោកជាងទីផ្សារនៅក្នុងប្រទេសរបស់ពួកគេ។
ប៉ុន្តែទោះជាយ៉ាងណាក្ដីមានកត្តាជាច្រើនដែលត្រូវយកមកពិចារណាមុនពេលរដ្ឋាភិបាលសំរេចកាត់បន្ថយពន្ធ ខណៈពេលដែលបច្ចុប្បន្នអត្រាពន្ធគយជាមធ្យមសម្រាប់ផលិតផលម៉ាកល្បីៗ គឺប្រហែល ៣០% ហើយចំពោះបញ្ហានេះក៏ត្រូវបានពិភាក្សាជាច្រើនលើកកន្លងមកហើយ។ យ៉ាងណាមិញបើយោងតាមធនាគារថៃ (BOT) បានបង្ហាញថាចំនួនភ្ញៀវទេសចរបរទេសនៅតែបន្តកើនឡើង បើទោះបីជាសូចនាករសេដ្ឋកិច្ចស្ទើរតែទាំងអស់បង្ហាញពីការធ្លាក់ចុះនៅក្នុងខែសីហាកន្លងមកនេះ។ ដោយប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ៣៨.២ លាននាក់ ក្នុងឆ្នាំ ២០១៨ កើនឡើង ៧.៣% ធៀបនឹងឆ្នាំ ២០១៧ ហើយក្នុងរយៈពេល៨ ខែដំបូងនៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរមានចំនួន ២៦.៦ លាននាក់កើនឡើង ២.៨% ពីមួយឆ្នាំទៅមួយឆ្នាំ៕



អត្តបទ៖ លីនី
ប្រភព៖ khmernote