តាមផ្លូវ​ជាតិ​ទើប​ធ្វើថ្មីៗនឹងដាក់​កាមេរ៉ា​ចាប់​រថយន្ត​លើស​ល្បឿន​កំណត់ ប្រយ័ត្នសុខៗ​ផាកពិន័យ​ដល់ផ្ទះ!

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ទេសរដ្ឋមន្ត្រី​លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា នៅ​តា​ម​ដងផ្លូវ​ជាតិ​ទើប​ធ្វើ​ថ្មី និង​កំពុង​ធ្វើ​ទាំងអស់​នឹង​បំពាក់​កាមេរ៉ា ​ ចាប់​ល្បឿន​រថយន្ត​នៅតាម​ដងផ្លូវ ដើម្បី​ចាប់​រថយន្ត​រថ​យន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ ហើយនឹង​បញ្ជូន​ក្រដាស​ផាកពិន័យ​ទៅ​ឲ្យ​ដល់​មុខផ្ទះ​តែម្តង។ ការ​ថ្លែង​នេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវថ្ន​ល់​​ក្នុងប្រទេស​កម្ពុជា រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន មី​ឆែ​លីន រ៉ូ និង​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ជ ត្រេ​ឌី​ង​ក្នុង​រយៈពេល២ឆ្នាំ។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា គ្រោះថ្នាក់​ចរ​រាចរ​ដែល​កើត​មាននៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ភា​គ​ច្រើន​បាន​ប​ង្កឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​មិន​ប្រុងប្រយ័ត្ន ប្រើប្រាស់​គ្រឿង​ស្រវឹង វ៉ា​ជែង​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​រថយន្ត​ខ្លះទៀត មិនបាន​យកទៅ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ដោយពេល​ខ្លះ​សំបក​កង់​សឹក ធ្វើ​ឲ្យ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ជាដើម។ ក្រៅពី​បញ្ហា​ទាំងនេះ ការបើកបរ​លើស​ល្បឿន​កំណត់​ក៏​ជា​បុព្វហេតុ​មួយ​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​លើ​ដង​វិថី។ លោក​បន្តថា ជា​វិធានការ​ទប់ស្កាត់​ការបើកបរ​លើស​ល្បឿន​កំណត់​នេះ លោក​នឹង​រៀបចំ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​រថយ​ន្ត​​នៅតាម​ដងផ្លូវ​ជាតិ​ដែល​ទើប​សាងសង់​ថ្មី ឬ​ផ្លូវជាតិ​ដែល​សាងសង់ក្រោយៗទៀត។ លោក​បញ្ជាក់ថា៖«យើង​បានរៀបចំ​ដាក់​កាមេរ៉ា ដើម្បី​ចាប់​អ្នកបើកបរ​លើស​ល្បឿន​លឿន​ពេក។ អ៊ីចឹង​ផ្លូវ​នឹងមាន​បង្កប់​កាមេរ៉ា​មួយចំនួន គឺ​បើក​ទៅ​កាមេរ៉ា​ថត​ឡាន​ហ្នឹង បាន​ផ្លាកលេខ​ឡាន ហើយ​យក​ក្រដាស​ផាកពិន័យ​ដល់ផ្ទះ​តែម្តង។ អ៊ី​ចឹង​ជំរាប​ថា ផ្លូវ​មួយចំនួន​នឹងមាន​កាមេរ៉ា។ កាមេរ៉ា​មាន​ផ្លូវ​មួយចំនួន​ដែល​បង្កើតថ្មីៗ មាន​ផ្លូវ​លេខ៣មាន​កាមេរ៉ា ផ្លូវ​៤១ ផ្លូវ៣១ ផ្លូវ៣៣ និង​ផ្លូវផ្សេងៗទៀត និង​មាន​កាមេរ៉ា​ចាប់​ល្បឿន។ អ៊ីចឹង​មិនដឹង​ទេ​បើក​ទៅ​ចាប់​ខ្លួនឯង​ហើយ បើក​លឿ​ន​​ពេក​ញញឹម​ផង ព្រោះ​ការ​មេ​រ៉ា​ថត​ជាប់​ហើយ ហើយ​បញ្ជូន​ការផាកពិន័យ​ដល់ផ្ទះ​តែម្តង»។ លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​ទើប​សាងសង់​ថ្មី និង​កំពុង​សាងសង់ ដើម្បី​ឲ្យ​មានគុណ​ភាព ក្រសួង​សា​ធា​រណការ បានស្នើ​សុំ​ឲ្យ​មាន​អ្នកបច្ចេកទេស​មកពី​ប្រទេស​ចិន ជួយ​ពិនិត្យមើល។ ក្រុម​ជំនាញការ​របស់​ចិន​បាន​ពិនិត្យ​ផ្លូវ​​រួចរាល់​ហើយ ហើយ​បាន​រកឃើញថា មាន​ផ្លូវ​ខ្លះ​ល្អ និង​ផ្លូវ​ខ្លះ​មិនទាន់​ល្អ។ សម្រាប់​ផ្លូវ​ដែល​រកឃើញថា មិនទាន់​ល្អ​ក្រសួង នឹងធ្វើ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ដាក់​ស្លាក​សញ្ញា​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​គ្រោះថ្នាក់។ ចំណែក​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ត្រេ​ឌី​ង ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក និង​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ផលិតផល​សម្បក​កង់រ​បស់​ក្រុមហ៊ុន Michelin នឹង​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​គម្រោង​នេះ ព្រមទាំង​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ ខណៈដែល​ក្រ​សួ​ង​សាធារណការ និង​ដឹកជញ្ជូន នឹង​ផ្តល់នូវ​ការគាំទ្រ​ពេញលេញ និង​ការអនុម័ត​ឲ្យ​អនុវត្ត​គម្រោង​នេះ៕