វត្តមេជ្រៃនេះមានចម្ងាយពីទីរួមខេត្តចំនួន២៤គីឡូម៉ែត្រ និងមានចម្ងាយពីទីរួមស្រុកពួកចំនួន២៤គីឡូម៉ែត្រ ស្ថិតនៅជាប់នឹងបឹងទន្លេសាប ក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ហើយជាវត្តដាច់ស្រយ៉ាលពីគេ និងក្រខ្សត់ជាងគេទៀត សូម្បីតែចង្ហាន់ក៏មិនសូវសំបូរហូរហៀរដូចវត្តដទៃដែរ ដូចក្នុងស្រុក ឬខេត្តឯទៀត។ បើដល់ថ្ងៃសីលម្តងៗ ទើបមានពុទ្ធបរិស័ព្ធនៅតាមភូមិ យកចង្ហាន់មកប្រគេន និងសុំសីល្ប៍នៅទីនោះ ប្រហែលជិត១០នាក់ បើមិនមែនថ្ងៃសីល្ប៍ទេ គឺមានតែឆាន់មី និងទឹកតែប៉ុណ្ណោះ។ លោកអាចារ្យបន្តថា ចំពោះពេលទឹកឡើងវិញសំបូរចង្ហាន់ជាង ព្រោះទឹកឡើងមានពុទ្ធបរិស័ទយកចង្ហាន់មកដោយជិះទូកមកលេងវត្តនោះច្រើន។
លុះក្នុងរដូវប្រាំងមិនសូវមានចង្ហាន់ទេ ប៉ុន្តែបើមានថ្ងៃសីល្ប៍ ឬបុណ្យទាន ទើបមានខ្លះ ដូច្នេះរដូវប្រាំងគឺលោកទាំង២អង្គមានតែចាំឆាន់មីប៉ុណ្ណោះ ព្រោះគ្មានមនុស្សចេញចូលក្រៅពីអ្នកធ្វើនេសាទទេ ដែលបានយកចង្ហាន់មកប្រគេនម្តងម្កាល។គួរបញ្ជាក់ផងដែរថា វត្តមេជ្រៃមួយនេះ មានតែវិហារ១ និងរោងបាយ១ បានកសាងឡើងតាំងពីជំនាន់មុនសម្តេចនរោត្តម សីហនុ ម្ល៉េះ ហើយមានផ្ទៃក្រឡាទំហំជិតកន្លះហិកតា ដែលគេបានកសាងឡើង ដោយស្នាដៃបុព្វបុរសដើម ហើយនៅជុំវិញបរិវេណវិហារមានអាស្រមថ្ម ដែលចៅអធិការគង់នៅ និងមានរោងតូចៗសម្រាប់យាយៗ មកសុំសីល្ប៍។ បើយើងឡើងទៅដល់វត្តមេជ្រៃនេះ មើលនៅជុំវិញវត្ត យើងឃើញមានទេសភាពស្រស់បំព្រង បក់បោកដោយខ្យល់ជំនោរបរិសុទ្ធ មិននឹកស្មានមិនដល់ ប៉ុន្តែមិនសូវមានមនុស្សទៅដល់ ព្រោះផ្លូវវាលំបាកក្នុងការធ្វើដំណើរទៅដល់វត្តនោះណាស់៕







