ឯកឧត្តម សុខ ឥសាន បានរិះគន់​ទៅវិញ​ថា សម រង្ស៊ី ជាជនកំសាក​មិនហ៊ានចូលស្រុក​នោះទេ ព្រោះគុកកំពុង​បើកទ្វារចំហរង់ចាំ​គ្រប់ពេល

ភ្នំពេញ៖ ក្រោយពេលសម​ រង្ស៊ី ប្រកាសជាបន្តបន្ទាប់ ថាជិតបានមកកម្ពុជាហើយនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់ទៅវិញថា សម រង្ស៊ី ជាជនកំសាកមិនហ៊ានចូលស្រុកនោះទេ ព្រោះគុកកំពុងបើកទ្វារចំហរង់ចាំគ្រប់ពេល។ ឯកឧត្តម សុខ ឥសាន បានលើកឡើងបែបនេះក្រោយពី សម រង្ស៊ីបានអះអាង នៅក្នុងកិច្ចប្រជុំមួយនាទីក្រុងប៉ារីស ថាខ្លួននឹងចូលមកស្រុកខ្មែរនៅឆ្នាំ​ ២០១៩ខាងមុខនេះ។ ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី១៦ ធ្នូនេះថា ទន្ទឹមនឹងនេះ​ ទណ្ឌិតសម​ រង្ស៊ី​ក៏បានបំផុសញុះញង់ ឲ្យប្រជាជនមួយចំនួនដែលគាំទ្រខ្លួនងើបឡើង តស៊ូជាមួយខ្លួន ប្រឆាំងនឹងការដឹកនាំបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោហ៊ុន​ សែន​ ។ ប្រជាជនកម្ពុជារង់ចាំមើល តើទណ្ឌិតសមរង្ស៊ី ហ៊ានចូលស្រុកដែរឬទេនៅឆ្នាំ២០១៩នេះ​ព្រោះ នៅតែ១ខែទៀតទេ នឹងមកដល់ហើយ​ ។ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា”ការដែលទណ្ឌិតសម​ រង្ស៊ីនិយាយថា នឹងមកចូលស្រុកនេះ​ មានច្រើនដងហើយ​ រាប់មិនអស់ទេ​ តែគេនៅតែមិនឃើញ ទណ្ឌិតរូបនេះអើតក្បាល ចូលមកក្នុងស្រុកសោះ​ ។ ការប្រកាសរបស់ទណ្ឌិតសម​ រង្ស៊ី វាគ្រាន់តែដើម្បីស្ទង់មើល សភាពការណ៍ និងប្រតិកម្មនានាតែប៉ុណ្ណោះ​ តាមការពិតសម​ រង្ស៊ីជាជនកំសាក ​មិនហ៊ានចូលមកទេ​ ពីព្រោះគុកនៅរង់ចាំ ទណ្ឌិតនេះគ្រប់ពេល​ ឲ្យតែឃើញក្បាល​គឺគ្រឹបតែម្តង​”៕