លិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានតុបតែងលម្អ រចនាភ្លើងពណ៌ ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងប្រជារាស្ដ្រឲ្យចងទង់ជាតិបានគ្រប់គេហដ្ឋាន។
ដោយឡែករដ្ឋបាលខណ្ឌទាំងអស់ ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺនៅតាមមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។
សម្រាប់ការងារសន្ដិសុខ លោកអភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវមានផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍៕

