Honda បានបង្ហាញចេញម៉ូតូ Super Cub (ឬអាគុប) ស៊េរីថ្មីឆ្នាំ ២០១៨ ដែលមានម៉ាស៊ីនចំណុះ ១២៥ សេសេ ក្នុងកម្មវិធីតាំងបង្ហាញយានយន្ត Bangkok Motor Show ឆ្នាំ ២០១៨។ ម៉ូតូម៉ាស៊ីន ១២៥ សេសេ នេះផលិតសម្រាប់ប្រទេសថៃផ្ដាច់មុខ។

ម៉ូតូនេះ ធ្លាប់បានបង្ហាញរូបរាងជាប្រភេទ Concept នៅជប៉ុនកាលពីឆ្នាំទៅ ប៉ុន្តែពេលនេះបានផលិតចេញជាផលិតផលសម្រាប់លក់ហើយ។ ទោះបីជាស៊េរីថ្មីមែន ប៉ុន្តែរចនាបថរូបរាងរបស់វាមិនបានចាកឆ្ងាយពីអាគុបជំនាន់មុននោះទេ ពោលនៅតែរក្សារូបរាងបែបបុរាណដដែល។

អំពូលខាងមុខមានរូបរាងមូលបែបបុរាណ និងប្រើអំពូលប្រភេទ LED ទាន់សម័យ ហើយគ្រោងអំពូលនេះមានក្រូមេដោយដែកដែលមានសភាពរលោងស្អាត។ អំពូលស៊ីញ៉ូក៏ជាប្រភេទ LED ដែលមានរូបរាងទាក់ទាញបំផុត។

កុងទ័របង្ហាញព័ត៌មានគឺជាប្រភេទ Digital នៅចំកណ្ដាល លាយជាមួយនឹង Analog ដែលស្ថិតនៅជុំវិញ អាចបង្ហាញទិន្នន័យបានច្រើន ដូចជាល្បឿន កម្រិតសាំង និង លេខផងដែរ។

កែបនៅរក្សារូបរាងដដែល ប៉ុន្តែពេលនេះគេបានប្រើប្រភេទស្បែក និងមានក្រូមេដោយដែលភ្លឺរលោងផងដែរ។ កែបអង្គុយខាងក្រោយមិនមាននោះទេ ប៉ុន្តែអតិថិជនអាចមានសិទ្ធបន្ថែមកែបបាន។

កង់លើម៉ូតូ ១២៥ សេសេនេះលែងជាកង់បែបបុរាណទៀតហើយ ដោយប្ដូរមកប្រើកង់អាលុយមីញ៉ូម ដែលមានទំហំ ១៧ អ៊ីញ។

ភ្លើងស៊ីញ៉ូខាងក្រោយនៅតែមានរូបរាងជ្រុងៗដូចពីមុន ប៉ុន្តែបានប្ដូរមកប្រើអំពូលប្រភេទ LED វិញ ដែលធ្វើឲ្យរូបរាងរបស់វាមានទំហំតូចជាងមុន។

ម៉ូតូស៊េរីថ្មីនេះក៏មានប្រើប្រព័ន្ធសោដូចជាម៉ូតូអូតូ Honda ដទៃទៀត មាន PCX, Lead និង Honda SH ជាដើម។ ម៉ូតូនេះនឹងមានលក់លើទីផ្សារប្រទេសថៃក្នុងឆ្នាំ ២០១៨ នេះ ដោយមានតម្លៃប្រមាណ ២ ៩០០ ដុល្លារ៕
