ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អ្នកប្រវត្តិវិទូជាតិអាមេរិកម្នាក់ ដែលជាអ្នកសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានលើកឡើងពីចំណុចសំខាន់ៗជាច្រើន ហើយលោកមើលមិនឃើញ មានគណបក្សណាអាចមកជំនួសគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនេះបានឡើយ បើទោះបីទៅថ្ងៃក្រោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ក៏ថ្នាក់ដឹកនាំនោះ មកពីគណបក្សប្រជាជនកម្ពុជាដដែល។
លោក សុខ ឥសាន លើកឡើងថា លោកបណ្ឌិតសាស្ត្រាចារ្យ បណ្ឌិតដេវីត ឆាន់ល័រ (David Chandler) ជាប្រវត្តិវិទូរបស់អាមរិក បានសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលមានចំណុចសំខាន់ៗជាច្រើន គឺ
ទី១- លោកមើលមិនឃើញជាការអាក្រក់ទេ សម្រាប់ប្រទេសកម្ពុជា ដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដើម្បីជាបង្អែករឹងមាំសម្រាប់ការពារពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់ប្រទេសមួយចំនួននៅលោកខាងលិច ប៉ុន្តែកម្ពុជាមិនមែនជាអាយ៉ងប្រទេសចិនទេ តែមានការគាំទ្រគ្នាទៅវិញទៅមកនៅកាលៈទេសៈមានការចាំបាច់។
ទី២- ប្រទេសកម្ពុជា មិនមែនជាប្រទេសកុម្មុយនីស្តទេ ហើយការដឹកនាំ ក៏មិនមែនជាកុម្មុយនីស្តដែរ ដោយសារមានរដ្ឋធម្មនុញ្ញបញ្ជាក់ច្បាស់ហើយ មិនមែនចម្លងទាំងស្រុងពីចិនដូចខ្មែរក្រហមប៉ុលពតទេ។
ទី៣- លោកមើលមិនឃើញថា មាននរណាអាចមកជំនួសគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចឡើយ ទោះបីនៅថ្ងៃក្រោយថ្នាក់ដឹកនាំគណបក្សនេះ នឹងលាចាកលោកទៅ ក៏អ្នកបន្តវេន ក៏នៅតែជាមកពីគណបក្សប្រជាជនកម្ពុជាដែរ។
ទី៤- ការមានមហិច្ឆតាចង់ផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជា មិនអាចធ្វើទៅបានទេ ពីព្រោះគ្មានអ្នកណាមួយអាចដឹកនាំធ្វើការងារនេះទទួលបានផល និងមានប្រសិទ្ធភាពទេ ។
ទី៥- ការចង់ផ្លាស់ប្តូរណាមួយនៃរបបបច្ចុប្បន្ន លុះត្រាតែធ្វើដោយប្រដាប់អាវុធ តែមិនជឿថាមានអ្នកណាម្នាក់អាចធ្វើការងារនេះបានជោគជ័យនោះទេ។ បើហ៊ានប្រថុយច្បាស់ជា នឹងត្រូវកម្ទេចចោលតែម្តង។
ការអះអាងនេះ បន្ទាប់ពីលោក ដេវីត ឆាន់ល័រ (David Chandler) ប្រវត្តិវិទូជនជាតិអាមេរិក ដែលជាអ្នកសរសេរសៀវភៅអំពីប្រទេសកម្ពុជាដ៏ល្បីល្បាញម្នាក់ បាននិយាយថា លោកកំពុងសម្លឹងមើលការបោះពុម្ពលើកទី៥ នៃសៀវភៅ “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា” របស់លោក ដោយសរសេរសេចក្ដីបញ្ចប់ថ្មី ដែលលោកអះអាងថា នឹងមានទុទ្ទិដ្ឋិនិយមជាងមុន៕


