អូរហូ!! វៀតណាមចាប់បានកន្លែងផលិតកាហ្វេពីថ្មពិល

កន្លែង​ផលិត​កាហ្វេ​បែប​លក្ខណៈ​គ្រួសារ​មួយ នៅ​ក្នុង​ខេត្ត Dak Nong ប្រទេស​វៀតណាម ត្រូវ​គេ​រក​ឃើញ​ថា បាន​ផលិត​កាហ្វេ​ចេញ​ពី​វត្ថុធាតុ​ដើម​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង។

កន្លែង​ផលិត​កាហ្វេ​នោះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ Nguyen Thi Loan ដែល​ត្រូវ​ក្រុម​ប៉ូលិស និង អ្នក​ត្រួតពិនិត្យ​អាហារ​ឆ្មក់​ចូល​ចាប់ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ស្រុក អំពី​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​របស់​ពួក​គេ។

នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្មក់​ចូល​ចាប់​នោះ អាជ្ញាធរ​បាន​រក​ឃើញ កាហ្វេ​ផលិត​រួច​រាប់​តោន ក៏ដូចជា វត្ថុធាតុដើម​ដែល​បាន​ប្រើ​នៅ​ក្នុង​ការ​ផលិត រួមមាន ម្សៅ​ខ្មៅ ៣៥ គីឡូក្រាម ដែល​យក​ពី​ថ្ម​ពិល (ប្រភេទ D Battery) និង ធុង​ទឹក​ខ្មៅ​ទម្ងន់​ប្រហែល ១០ គីឡូក្រាម ផង​ដែរ។

យោង​តាម​អ្នក​ស្រី Loan បាន​ប្រាប់​ថា ខ្លួន​បាន​ទិញ​គ្រាប់​កាហ្វេ ដែល​គេ​មិន​ទទួល​ទិញ ពី​កន្លែង​ផលិត​កាហ្វេ​ធំៗ ក្នុង​តម្លៃ​ថោក រួច​លាយ​ជាមួយ​វត្ថុធាតុដើម​ផ្សេង​ទៀត ដូចជា ធូលី​ដី និង ម្សៅ​ថ្ម។ បន្ទាប់មក ប្រើប្រាស់​ម្សៅ​ខ្មៅ​ដែល​យក​ចេញ​ពី​ថ្ម​ពិល ដើម្បី​ចម្រាញ់​ផលិតផល​សម្រេច។

អ្នកស្រី Loan បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ដំណើរការ​កន្លែង​ផលិត​កាហ្វេ​ខាង​លើ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លក់​កាហ្វេ​នោះ ជាង ៣ តោន បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៨ មក៕