ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ច្រានចោល​បណ្តឹង​លោក សម រង្ស៊ី

(​ភ្នំពេញ​) ៖ ពាក្យបណ្ដឹង​របស់ លោក សម រង្ស៊ី ដែល​ប្ដឹង​ស្នើសុំ​ព័ត៌មាន​ទាក់ទង​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្ដេចនាយករ​ដ្ឋ​មន្ដ្រី​ហ៊ុន សែន ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ច្រានចោល​។​ ​កាលពី​ខែ​មុន​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី​បានដាក់​ពាក្យ​ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ស្នើសុំ​ព័ត៌មាន​ពាក់ព័ន្ធ​​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន​។ ពាក្យបណ្តឹង​នេះ​បាន​ចោទប្រកាន់​សម្ដេច ហ៊ុន សែន ថា​បាន​រំលោភ​គោលការណ៍​របស់​​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​ក្នុងនោះ​រួមមាន​ទាំង​ការទិញ​ចំនួន​ចូលចិត្ត Like និង​ការ​គំរាម​សម្លាប់​ជាដើម​។ ​ពាក្យបណ្តឹង​នោះ​ក៏​អះអាង​ផងដែរ​ថា​ព័ត៌មាន​ដែល​ស្វែងរក​នេះ​អាច​នឹង​ជួយ​ការពារ​បណ្តឹង​ផ្នែក​ច្បាប់​របស់លោក សម រង្ស៊ី​ដែល​ត្រូវ​​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​នៅក្នុង​ប្រទេស​ពីបទ​បរិហារកេរ្តិ៍​ផងដែរ ចំពោះ​ការចោទប្រកាន់​សម្តេច​តេ​ជោ ថា​បាន​ទិញ​ការចូល​ចិត្ត «Like» ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​។​ ​នៅក្នុង​ការឆ្លើយតប​ជា​សាធារណៈ​កាលពី​ថ្ងៃទី ១ ខែមីនា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​អះអាងថា ពាក្យបណ្តឹង​នេះ​គឺ​រំលោភ​លើ​ច្បាប់​រក្សាទុក​​ព័ត៌មាន ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ច្បាប់​ស្តីអំពី​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​គមនាគមន៍​ដែល​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​ក្រុមហ៊ុន​​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆ្លើយតប​ការផ្តល់​មតិយោបល់​ពី​ភាគី​ទី​៣ នៅលើ​វេទិកា​របស់ខ្លួន​៕


​ ប្រភពៈ រស្មីកម្ពុជា
ដោយៈ​វិបុល​/sn