ជា​ដំណឹង​ល្អ ! ទារិកា​ដែល​មាន​ក្បាល​២​នោះ​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ


ខេត្តសៀមរាប៖ ទារិកា​ចម្លែក​កើតមក​មានខ្លួន​មួយ​ក្បាល​២ និង​ម្តាយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត ផុត​ពី​សេចក្តីស្លាប់​ហើយ បន្ទាប់​ពី​វះកាត់​រួចរាល់ កាលពី​យប់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប ដែល​ទារិកា​ចម្លែក​មួយ​នេះ​កើតមក​មានខ្លួន​មួយ​ក្បាល​ពីរ ហើយ​បេះដូង​មាន​៦​ថត ប៉ុន្តែ​ម្តាយ​នៅ​មាន​សភាព​ទន់ខ្សោយ​នៅឡើយ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ បើ​តាម​សម្តី​របស់​ប្អូនស្រី​បង្កើត​របស់​ម្តាយ​ទារិកា បាន​រៀបរាប់​ប្រាប់​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា បងស្រី​បង្កើត​ដែល​ជា​ម្តាយ​ទារិកា​មានឈ្មោះ កេ​ត ម៉ា​លី អាយុ​៣១​ឆ្នាំ មុខរបរ​មេផ្ទះ និង​បងថ្លៃ​ត្រូវជា​ឪពុក​ទារិកា ឈ្មោះ តាំង សារី អាយុ​៣៨​ឆ្នាំ អតីត​ជា​អ្នកបកប្រែ​ភាសា​ចិន មានស្រុក​កំណើត​នៅ​ភូមិ ដំណាក់​លួង ឃុំ​វត្ត​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ពួក​គាត់​មក​ជួល​ផ្ទះ​គេ​នៅ​ម្តុំ​បាក់​ខែង ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ ចំណែក​ទារិកា​ដែល​កើតមក​មាន​ទម្ងន់​ជិត​៤​គីឡូក្រាម បច្ចុប្បន្ន​ប្តី​របស់​គាត់​ទៅ​ជា​សរសៃ​ប្រាសាទ​ហើយ គេ​ឈប់​ហៅ​គាត់​ទៅ​ធ្វើ​ការងារ​ទៀត ព្រោះ​គាត់​ដើរ​និយាយ​តែ​ម្នាក់ ។ គាត់​មានកូន​៤​នាក់ ប្រុស​១​នាក់ ស្រី​៣​នាក់ ទាំង​ទារិកា នៅ​ក្នុង​បន្ទុក​កូនស្រី​ទី​១ អាយុ​១៣​ឆ្នាំ កូនស្រី​ទី​២​អាយុ​៦​ឆ្នាំ កូនប្រុស​ទី​៣​អាយុ​៤​ឆ្នាំ និង​កូនស្រី​ទី​៤ ដែល​កើតមក​មានខ្លួន​១​ក្បាល​២​នេះ ។ ហើយ​កូនស្រី​ច្បង និង​កូនប្រុស​ទី​៣ ត្រូវ​បាន​ម្តាយ​ក្មេង​យក​ទៅ​ចិញ្ចឹម​បីបាច់ ដើម្បី​ឱ្យ​រៀនសូត្រ ចំណែក​កូនស្រី​ទី​២ ខ្ញុំ​និង​ជួយ​យក​ទៅ​នៅ​ជាមួយ​ខ្ញុំ ឱ្យ​វា​បាន​រៀនសូត្រ​នឹង​គេឯង ។ ឬ​ឯ កូនស្រី​ពៅ​របស់​គាត់​កំពុង​នៅ​ជាមួយ​គាត់ ក្នុង​មន្ទីរពេទ្យ​នៅឡើយ បើ​នៅរ​ស់គឺ​នាង​ខ្ញុំ​ជា​អ្នក​ដាក់​ឈ្មោះ (​សំណាង​) ។ ប្អូនស្រី​បាន​រៀបរាប់​បន្ត​ថា បច្ចុប្បន្ន ម្តាយ និង​កូន ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឱ្យ​គេង​នៅ គ្រែ​ផ្សេង​គ្នា ព្រោះ​ដោយសារ​ស្ថានភាព​ម្តាយ មិនសូវ​មាន​កម្លាំងកំហែង​ទេ ដូច្នេះ​បានជា​ក្រុម​គ្រូពេទ្យ​ឱ្យ​បំបៅ​ដោយ​ទឹកដោះគោ ។ តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ក្រោយ​ពី​បាន​ធ្វើការ​វះកាត់​ពី​ស្ត្រី​ដែល​យក​ទារិកា​ចេញ​មក​នោះ ឃើញ​ថា​ទារិកា​នេះ​មាន​ភាព​ចម្លែក ខ្លួន​១​ក្បាល​២ ព្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប មិន​ដែល​ធ្លាប់​មាន​ទាល់តែ​សោះ ។ ប្រភព​បាន​បន្ត​ថា បច្ចុប្បន្ន ម្តាយ និង​កូន ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​ផុត​ឱ្យ​មាន​សេរីភាព​ទាំង​ពីរ​នាក់​ម្តាយ និង​កូន ហើយ​គ្រាន់តែ​ស្ថានភាព​សុខភាព ម្តាយ​មាន​សភាព​ខ្សោយ​នៅឡើយ ដូច្នេះ​ក្រុម​គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ ដោយសារ​ទុក​នៅ​តាមដាន​បន្ត ។ បច្ចុប្បន្ន ម្តាយ និង​កូន​ក្បាល​២​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​លោក​ប្រធាន​មន្ទីរពេទ្យ ជនជាតិ​បារាំង កំពុង​ឱ្យ​ក្រុម​សន្តិសុខ​យាមកាម​យ៉ាង​តឹង​រឹង ខ្លាច​មាន​អ្នក​យក​ព័ត៌មាន ឬ​ក្រុម​គ្រួសារ​លួច​បញ្ចេញ​រូបថត​ទៅ​ខាងក្រៅ ។ សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​រឿង​ដ៏​ចម្លែក​មួយ ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​១ ហើយ​ក៏​ជា​រឿង​ដ៏​រន្ធត់​ដែល​ម្តាយ​គ្រប់​រូប​មិន​ធ្លាប់​នឹក​ស្មាន​ដល់​ផង​ដែរ ៕
ប្រភពៈ កោះសន្តិភាព