ដើមរាំងសាបនិងជំនឿខ្មែរ៖រាំងសាបមានផ្កាកញ្ចុំពណ៌ស ហើយមានក្លិនក្រអូបស្រដៀងតែស្រាលជាងផ្កាចំប៉ា។ បើគេទំពាស្លឹកវាតែកន្លះសន្លឹក ហើយលេបទឹកវាជាមួយទឹកមាត់គឺគេនឹងផឹកស្រាមិនងាយស្រវឹងឡើយហើយគេជឿទៀតថា ដើមនេះនាំឲ្យវិជ្ជាមន្តអាគមផ្សេងៗខាងផ្លូវងងឹត ដែលយើងមើលមិនឃើញ ធ្វើឲ្យសាបរលាបអស់ទៅបាន នៅពេលដែលមកប៉ះឬក្បែរដើមនេះ។ ហេតុនេះហើយគេតែងដាំដើមរាំងសាបនៅជាប់ច្រករបងផ្លូវចូលផ្ទះ ឬ ជាប់នឹងជណ្តើរឡើងផ្ទះតែម្តងក្នុងគោលបំណងបន្សាប(ធ្វើឲ្យសាប)នូវអំពើមន្តអាគមឬអាបធ្មប់ផ្សេ្ងងៗ។
អ្នកខ្លះទៀត យកបំណែកដើមនេះមកទុកដាក់ជាប់ខ្លួនឬឆ្លាក់ជាបន្តោងរូបព្រះពុទ្ធសម្រាប់ពាក់ជាប់នឹងកដើម្បីការពារខ្លួន។ ខ្លះប្រាប់ថា តែកាលណាមានដើមរាំងសាបនៅនឹងផ្ទះ នោះម្ចាស់ផ្ទះ មិនងាយនឹងធ្វើតំប៉ែបានហូបឡើយ ព្រោះនាំឲ្យមេតំបែសាប។ បច្ចុប្បន្ន មានអ្នកខ្លះថាបើយកចំណិតដើមរាំងសាបមកសៀតជាប់នឹងធ្មេញ នោះនាំឲ្យបុគ្គលនោះផឹកសុរាមិនងាយស្រវឹង។ ថ្វីដ្បិតតែ ជាដើមឈើមួយតូចទាប ប៉ុន្តែមានជាប់ទៅនឹងជំនឿរបស់សង្គមខ្មែរយ៉ាងខ្លាំងក្លាគួរឲ្យចាប់អារម្មណ៍ក្រៃលែង៕