សូមរំលឹកថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើ ន ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញចុះមុជរាវរកស្លាកលេខម៉ូតូដែលជនសង្ស័យជាអ្នកទទួលផលចោរកម្មបោះចូលទៅក្នុងស្រះទឹកដើម្បីបំបាត់ភស្តុតាង ។ ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចក្នុងទឹកស្រះដែលមាន ទំហំ ៣០ម x ៥០ម និងជម្រៅ០៣ម៉ែត្រ ស្ថិតមុខផ្ទះជនសង្ស័យឈ្មោះ ហេង ភក្តី នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះរាវរកស្លាកលេខខាងលើនេះ ជាលទ្ធផលបានរកឃើញស្លាកលេខរថយន្ត និងម៉ូតូប្រមាណ២០០បន្ទះ ព្រមទាំងដុំសោរ.កម៉ូតូចំនួន៦ផងដែរ ។ លោកស្នងការបានឲ្យដឹងទៀតថា ក្នុងចំណោមស្លាកលេខចំនួន២០០បន្ទះ ក្នុងនោះស្លាកលេខរថយន្តចំនួន២គូរ និងស្លាកលេខម៉ូតូចំនួន១៩៨បន្ទះ មានដូចជា៖ ភ្នំពេញ១៣៨ បន្ទះ, កណ្ដាល១០បន្ទះ, កំពង់ស្ពឺ០៧បន្ទះ, ព្រៃវែង០៣បន្ទះ, កំពត០៤បន្ទះ, ស្វាយរៀង០២បន្ទះ, តាកែវ០៣បន្ទះ, បន្ទាយមានជ័យ០៥បន្ទះ, ឧត្តមានជ័យ០១បន្ទះ, កំពង់ចាម០៤បន្ទះ, ត្បូងឃ្មុំ០២បន្ទះ, ក្រចេះ០២បន្ទះ, កោះកុង០២បន្ទះ, ព្រះសីហនុ០១បន្ទះ, ស្ទឹងត្រែង០១បន្ទះ, កំពង់ឆ្នាំង០២បន្ទះ, បាត់ដំបង០៣បន្ទះ, ពោធិ៍សាត់០២បន្ទះ, (ខ.ម)០១បន្ទះ, ONG ០១បន្ទះ និងស្លាកលេខចាស់ៗ០៤បន្ទះ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកណ្តាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយដែលបានបាត់ម៉ូតូ និងរថយន្ត ហើយបានឃើញស្លាកលេខរបស់ខ្លួនទាំងនេះ សូមអញ្ជើញដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការតាមនីតិបន្តទៀត ។
សូមរំលឹកថា ៖ក្នុងរយះពេលបីថ្ងៃកម្លាំងព្រហ្មទណកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរប្លន់ជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។





