ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីបញ្ហាប្រឈម ៧យ៉ាង ដែលប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា កំពុងជួបប្រទះ។ បញ្ហាទាំងនោះមាន៖
១- ធនធានមនុស្សខុសជំនាញពីតម្រូវការទីផ្សារ
២- គុណភាពអប់រំនៅមានកម្រិតទាប
៣- ការអនុវត្តកម្មវិធីសិក្សាស្ថិតក្រោមស្ដង់ដារ
៤- គុណភាពរបស់គ្រូបង្រៀននៅមានកម្រិត
៥- ហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅខ្វះខាត
៦- កង្វះការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និងមន្ទីរពិសោធន៍ក្នុងការបង្រៀន
៧- ទំនាក់ទំនងរវាងគោលនយោបាយ ការបណ្ដុះបណ្ដាលគ្រូ សាលារៀន និងថ្នាក់រៀន ស្ថិតនៅក្នុងសតវត្សរ៍ទី២០ នៅឡើយ។
ការថ្លែងរបស់លោករដ្ឋមន្ត្រី បានធ្វើក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងទិសដៅឆ្នាំ២០១៧-២០១៨ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន បានបន្តថា ដើម្បីដោះស្រាយបញ្ហាធនធានមនុស្សខុសជំនាញ និងការធ្វើពិពិធកម្មនៃកំណើនឧស្សាហកម្ម ក្រសួងបានចាប់ផ្ដើមធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាព និងមូលដ្ឋានគ្រឹះជំនាញដល់យុវវ័យ ដើម្បីឲ្យពួកគេអាចចាប់យកនាពេលអនាគត ដោយចង់ឲ្យពួកគេទទួលបានចំណេះដឹង ជំនាញទន់ និងបំណិតជីវិត។
ចំពោះគុណភាពអប់រំ ក្រសួងបានអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពិនិត្យកែសម្រួលសៀវភៅ ស្របទៅនឹងកម្មវិធីសិក្សាថ្មី ដោយបានផ្ដល់សម្ភារៈបច្ចេកទេស និងពង្រឹងការងារអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សា។
ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន បានពន្យល់ថា គុណភាពរបស់គ្រូបង្រៀននៅមានកម្រិត ដោយសារតែ គ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ មានប្រហែល ៤០% ប៉ុណ្ណោះ ដែលមានសញ្ញាបត្រយ៉ាងទាបត្រឹមបរិញ្ញាបត្រ និងគ្រូនៅកម្រិតមធ្យមសិក្សាបឋមភូមិ មានសញ្ញាបត្រយ៉ាងហោចណាស់ ត្រឹមមធ្យមសិក្សាទុតិយភូមិ។ ដូចនេះ ការលើកកម្ពស់គុណភាពគ្រូបង្រៀនឲ្យស្របតាមគោលនយោបាយ គឺលើកកម្ពស់គ្រូបង្រៀនកម្រិតបឋមសិក្សា៕
ប្រភព៖ Vayo Fm ប្រែសម្រួល៖ លាភ


