អគ្គិភ័យ​ឆេះ​គំនរ​សំរាមនៅទីលាន​​ចាក់​សំរាម​​ជើង​ឯក​ផ្សែង​ខ្មៅ​​ខ្មួលខ្មាញ់​

(​ភ្នំពេញ​)៖ អគ្គិភ័យ​បាន​ឆាបឆេះ​គំនរ​សំរាម ចេញពី​ក្នុង​រណ្តៅ​ទីលាន​ចាក់សំរាម​ជើងឯក ហ៊ុយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ងងឹត​មេឃ ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ប្រកបមុខរបរ​រើស​អេតចាយ រួម​និង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍ អស់​រយៈពេល​ជាច្រើន​ម៉ោង​ទើប​រលត់​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ទីលាន​ចាក់សំរាម​ជើងឯក ដែល​ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ប្រកបរ​បរជា​អ្នក​រើស​អេតចាយ នៅលើ​ទីលាន​ចាក់សំរាម​ខាងលើនេះ បាន​រៀបរាប់​ឲ្យ​ដឹងថា អាច​បណ្តាលមកពី​សំរាម​គរ​ក្នុង​រណ្តៅ​ច្រើនពេក ភាព​រលួយ​របស់​សំរាម​ដែល​នៅ​ខាងក្រោម​រណ្តៅ បានក្លាយ​ទៅ​ជាតិ​ហ្គាស បូករួម​ទាំង​ថ្ងៃ​ក្តៅ​ខ្លាំង​ផង​នោះ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ភ្លាមៗ ដោយមាន​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​រួមជាមួយ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ តែ​គ្មាន​នរណាម្នាក់​រងរបួស​នោះទេ​។ ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន រួម​និង​កងកម្លាំង​នគរបាល​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ដល់​កន្លែងកើតហេតុ និង​មាន អេស្កាវ៉ាទ័រ​ចំនួន​៤​គ្រឿង បាន​កាយ​សំរាម​កប់​ភ្លើង​ដែល​កំពុង​ឆេះ​នេះ​ឲ្យ​រលត់ទៅវិញ​៕




ប្រភពៈ រស្មីកម្ពុជា
ដោយ​៖ ចាន់តូ​