កម្ពុជា បញ្ជូន​កងទ័ព​មួក​ខៀវ​៨០​នាក់​ទៀត ទៅ​ប្រទេស​ម៉ាលី ក្រោយ​រង​ការវាយប្រហារ​ពី​ពួក​ឧទ្ទាម​

ភ្នំពេញ​៖ កម្ពុជា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ៨០​នាក់ ទៅ​ប្រទេស​ម៉ាលី ដើម្បី​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ មីនា​នេះ​។

​កងទ័ព​មួក​ខៀវ​ទាំង​៨០​នាក់​នេះ (​មាន​ស្ត្រី​ចំនួន​៤​នាក់​) គឺជា​កងកម្លាំង​វិស្វកម្ម ដែល​ត្រូវ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាលី រយៈពេល​១​ឆ្នាំ​។ លោក សែម សុ​វ​ណ្ណី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព និង​ការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ បាន​និយាយថា កងកម្លាំង​ដែល​ត្រូវ​បញ្ជូនទៅ​ម៉ាលី​លើក​នេះ គឺមាន​ជំនាញ​ខាង​ថែទាំ​ព្រលានយន្តហោះ​។ ហើយ​វា​ក៏​លើក​ទី​៥​ផងដែរ សម្រាប់​កម្ពុជា​ដែល​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ប្រទេស​ម៉ាលី​នេះ​។

​បន្ថែម​ពីនេះ​លោក សែម សុ​វ​ណ្ណី បាន​បញ្ជាក់ថា ស្ថានភាព​នៅ​ប្រទេស​ម៉ាលី បាន​វិលត្រឡប់​រក​សភាព​ដើម​វិញ​ហើយ ក្រោយពី​មានការ​វាយប្រហារ​មក​លើ​ជំរុំ​ទ័ព​មួក​ខៀវ​កម្ពុជា កាលពី​ថ្ងៃទី​២២ មីនា​កន្លងមក​។ បើតាម​លោក សុ​វ​ណ្ណី ជំរុំកងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ប្រទេស​ម៉ាលី កំពុងតែ​បង្កើន​ការ​យាមកាម​យ៉ាង​តឹងរឹង​ផងដែរ ខណៈ​អង្គការសហប្រជាជាតិ ចំណាយ​ថវិកា​រៀបចំ​សាងសង​ជំរុំ​ឡើងវិញ​។​

​ការវាយប្រហារ​មកលើ​ជំរុំកងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ម៉ាលី ពី​សំណាក់​ក្រុម​ពួក​ឧទ្ទាម កាលពីពេល​ថ្មីៗ​នេះ មិនបាន​បង្ក​ឲ្យ​កងទ័ព​កម្ពុជា​របួស ឬ​បាត់​បង់ជីវិត​ឡើយ ខណៈ​កងទ័ព​បារាំង​៥​នាក់​រងរបួស​។

កម្លាំងរក្សាសន្តិភាព និងកំចាត់កាកសំណល់សង្គ្រាមមិនទាន់ផ្ទុះ៖ លោក សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិនៃកងកម្លាំងរក្សាសន្តិភាព (ឈរខាងមុខ)