ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រមាថយ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​ព្រះចេស្តា​ព្រះមហាក្សត្រ​ថា «ស្តេចសោយ​ទឹកនោម​វៀតណាម», នេះជា​ទង្វើ​ប្រមាថ​ដែល​មិន​អាច​ទទួល​យកបាន (Video inside)




(ភ្នំពេញ)៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់​ព្រះចេស្តាព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ។ (សូមទស្សនាវិដេអូនៃការប្រមាថរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ)


ការប្រមាថដ៏ធ្ងន់ធ្ងររបស់សង្ឃ ប៊ុត ប៊ុនតិញ បែបនេះ នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី ដែលជារបស់​សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាយ៉ាងដូច្នេះថា «រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅ​តាមបណ្តា​ខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេ​ដែលបកមកក្បែរ​វាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក»។

ការប្រមាថរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាទង្វើដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលបានឡើយ និង​ទង្វើញុះញង់រើសអើងពូជសាសន៍ ព្រមទាំងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើប​នឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់​នេះ ការប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លាន ដល់១០លានរៀល។

វិសោធនកម្មច្បាប់នេះ បានចែងយ៉ាងដូច្នេះថា៖ «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាច​ត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕

ប្រភព៖ ហ្វ្រេសញ៉ូ