ជនជាតិអាមេរិកសម្លាប់​ស្ត្រី​ម៉ាស្សា​កូន​ប្រសារ​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កែប


ទីបំផុតជនល្មើសដែលសម្លាប់ស្ត្រីបុគ្គលិកម៉ាស្សា របស់ហាងម៉ាស្សា «លីដាខ្មែរ ម៉ាស្សា» នៅផ្សារក្តាម ក្នុងក្រុងកែប ខេត្តកែប ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ជនល្មើសជាជាតិអាមេរិក មានឈ្មោះ Shanch Ez Sann Daniel កើតថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៩៣ រូបគេបានចូលមកកែប ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានស្នាក់នៅផ្ទះសំណាក់កែបបេ ត្រូវចេញពីខេត្តកែបនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ប៉ុន្តែរូបគេបានចាកចេញពីម៉ោង៨យប់មិញ តាមតាក់ស៊ីទៅកំពត។




យោងតាមសាក្សីដែលជាបុគ្គលិកបម្រើការងារនៅហាងម៉ាស្សា បានអះអាងថាជនបរទេសរូបនោះ ពិតជាបានចេញពីបន្ទប់ម៉ាស្សាកន្លែងកើតហេតុប្រាកដមែន។ ជាមួយគ្នានេះជនជាតិអាមេរិករូបនោះ មានជាប់ស្នាមខ្វាច ត្រូវមុខនិងករបស់គេផងដែរ។

ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ។

តាមស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង៕