សម្តេចតេជោ ហ៊ុន សែន រំលឹក​ជាថ្មី​ដល់​អភិបាល​រាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក បើមិន​ចាត់វិធាន​ការ​រថយន្ត​តទ្រុង​ខុស​បច្ចេកទេស នឹង​ប្រឈម​ការដក​តំណែង


ខ្ញុំសូមអរគុណក្រសួងសាធារណការនឹងដឹកជញ្ជូន គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹង​ត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹក​ទំនិញ​លើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កអោយខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗ​ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។
បើតាមរបាយការណ៍ជំហានដំបូងមកទល់ថ្ងៃម្សិលមិញ គឺ​មានរថយន្តកែឆ្នៃដាក់ទ្រុងសណ្តាងធំៗខុសបច្ចេកទេស៨១គ្រឿង ហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ ៣១០គ្រឿងទៀតកំពុងត្រៀម​កាត់ទ្រុងចេញ។ រថយន្តធំៗវែងៗទាំងនោះគឺ ភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹង​បង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុង​ក្រុងទម្លាក់ឥវ៉ាន់ចតធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។ ចំពោះរថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំង​នោះមិនអនុវត្តន៍។ ទន្ទឹមនឹងនេះដែរ សូមជនរួមជាតិគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញ​លើស​ការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បី​យើង​ទាំងអស់គ្នាប្រើប្រាស់បានយូរអអ្វែង៕

ប្រភព Page: Samdech Hun Sen, Cambodian Prime Minister