ក្នុងឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងចន្ទន៍ក្រស្នារវាងក្រុមហ៊ុនកម្ពុជា-ថៃ និងកម្មវិធីបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នា តាមបច្ចេកវិទ្យាទំនើប នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ នាសណ្ឋាគារសូហ្វីតែល លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា រោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នាដំបូងគេនេះ នឹងជំរុញទីផ្សារសម្រាប់ផលិតផលខ្លឹមចន្ទន៍ក្រស្នានៅកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការណ៍នេះ ក៏នឹងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ទាំងបច្ចុប្បន្ននិងអនាគត ។ លោកបញ្ជាក់បន្តថា ពាណិជ្ជកម្មចន្ទន៍ក្រស្នា គឺមាននៅកម្ពុជាតាំងពីសម័យបុរាណ ហើយមានតម្រូវការខ្ពស់សម្រាប់ទីផ្សារនៃប្រទេសអារ៉ាប់ ។ លោកប៉ាន សូរស័ក្តិ បន្ថែមថា ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយថ្នាំវ៉ាក់សាំង ដើម្បីធ្វើឱ្យដើមចន្ទន៍ក្រស្នាមានគុណភាព ក្រុមហ៊ុននឹងពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ។
គូសបញ្ជាក់ថា តាមរយៈអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងចន្ទន៍ក្រស្នានេះ ក្រុមហ៊ុនធូបចន្ទន៍ក្រស្នាខ្មែរ និងក្រុមហ៊ុន First Capital Global (FCG) នៅប្រទេសថៃ នឹងសហការពង្រឹងគុណភាព ព្រមទាំងបង្កើតរាល់គម្រោងនានា ទាក់ទងនឹងអាជីវកម្មខ្លឹមចន្ទន៍ក្រស្នានៅកម្ពុជា ។ ក្រុមហ៊ុនទាំងពីរ គ្រោងនឹងដាក់បញ្ចូលខ្លឹមចន្ទន៍ក្រស្នាប្រមាណ១លានដើម សម្រាប់ដំណាក់កាលទី១ ដែលមានរយៈពេល ៩ខែ ដើម្បីកែច្នៃជាផលិតផលប្រេងចន្ទន៍ក្រស្នា ដែលមានគុណភាពខ្ពស់ សំដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសផលិតប្រេងចន្ទន៍ក្រស្នាដ៏ល្បីល្បាញ នៅលើឆាកអន្តរជាតិនាពេលអនាគត ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)